Thursday, January 23, 2014

រៀបការចុះអូន

*-ខ្លួនបងជាប្រុសរស់សព្វថ្ងៃ រស់ដោយបច្ច័យកម្មតាក់តែង ផលល្អអាក្រក់ពិតជាក់ស្ដែង ពិតគ្រប់កន្លែងព្រេងវាសនា ។ *-កើតមកជាប្រុសប៉ុន្តែក្រ រស់នៅកំដរទ្វីបលោកា ព្រាត់ប្រាសឪពុកនិងមាតា ព្រាត់ដូនព្រាត់តាព្រាត់ញាតិផៅ ។ *-កម្មបងអាក្រក់ណាស់ពិសី អូនត្រូវលកលៃណាឆោមឆ្លៅ ចេះគិតពិចាររឿងក្នុងក្រៅ អូនត្រូវសំដៅរកទីពិត ។ *-បើអូនពឹងបងពិតជាខាន ព្រោះញាតិសណ្ដានបងក្រពិត មិនអាចឲ្យអូនផ្ញើជីវិត សុខស្រួលដល់ចិត្តទេព្រលឹង ។ *-បងសូមអង្វរចុះណាស្រី ត្រូវប្រែចិត្តថ្មីរកទីពឹង កសាងវាសនាមានលំនឹង រស់នៅត្រឈឹងគ្មានទុក្ខា ។ *-បើអូនចាំបងពិតពិបាក ព្រោះមិនដឹងចាកលាសិក្ខា ទៅរស់នឹងអូននៅថ្ងៃណា ខែណាឆ្នាំណាទេជំនិត ។ *-បើគេគ្រាន់បើយកចុះស្រី បងមិនជេរស្ដីទេវរមិត្រ ឲ្យតែអូនស្រួលក្នុងជីវិត រស់នៅជួបជិតនិងភស្ដា ។ *-រូបបងអ្នកក្រយល់ចិត្តស្រី យល់ពីហ្ឬទ័យអូនមេត្តា សណ្ដោសដល់បងប៉ងជីវា មករួមរក្សាជាគូគ្រង ។ *-អូនព្រមការចុះណាចរណៃ កាត់ចិត្តចុះថ្លៃណាមាសបង បងជឿចិត្តអូនថាស្នេហ៍បង ស្នេហ៍មិនឲ្យហ្មងស្នេហ៍អមតៈ ។ *-រៀបការចុះអូនបងជូនពរ ជូនដោយអំណរនិងគារវៈ គោរពចិត្តអូនដែលធ្លាប់ស្ម័គ្រ មិនឲ្យបងអាក់អន់ចិន្ដា ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

No comments:

Post a Comment