Wednesday, January 22, 2014

លួចមើលអូនផ្ទឹម

*-បេះដូងកកឈាមក្នុងថ្ងៃអូនផ្ទឹម អូនលួចញញឹមនិងគូស្នេហ៍ថ្មី មិននឹកដល់បងជាសង្សារស្រី ដែលធ្លាប់បេតីទាំងចិត្តស្មោះស ។ *-បងឈរសម្លឹងពេលអូនសំពះ នៅមុខចាស់ៗមានភ្លេងកំដរ ឲ្យពរឲ្យជ័យការស្រីបវរ ញាតិមិត្តកុះករចូលមកចងដៃ ។ *-អូននាងញញឹមនិងសើចសប្បាយ មិនបានសោកស្ដាយនិងនឹកអាល័យ ចំពោះរូបបងធ្លាប់ថើបចរណៃ ពេលនេះថ្ពាល់ថ្លៃគេថើបទៅវិញ ។ *-ក្នុងថ្ងៃអូនការបងសែនតក់ស្លុត បេះដូងរន្ធត់ទ្រូងសែនទោម្នេញ ចុកចាប់ឈឺផ្សាហាស្ដីមិនចេញ មិនគួរណាចាញ់កលស្រីបោកចិត្ត ។ *-បាយខុនចងដៃប្រល័យចិត្តខ្ញុំ ឲ្យរង់ទុក្ខកណ្ដាលលោកពិត ខ្មាសញាតិប្រុសស្រីដែលគេនៅជិត ធ្លាប់ដឹងជីវិតស្នេហ៍ខ្ញុំនិងនាង ។ *-ភ្លេងការកំដរឮសូររងំ នៅក្នុងទ្រូងខ្ញុំហាក់ដូចព្យុះភ្លៀង ក្តុកក្ដួលអួលអាក់ក្ដៅដោយសារនាង បោកប្រាស់ពង្វាងក្បត់ចិត្តនៃខ្ញុំ ។ *-សែនសោកស្ដាយណាស់ស្ដាយពាក្យអូនស្មោះ ជាមួយរូបប្រុសថាកុំក្បត់ម៉ុម មានអស់ទេព្ដាជាអ្នកផ្សំផ្គុំ ពេលនេះមាសម៉ុមប្រែជាកាកី ។ *-ការចុះនួនល្អងបងមិនសមទេ និងរូបមាសមេជាកូនមន្ត្រី មានទ្រព្យខ្ពង់ខ្ពស់ហួសពីនិស្ស័យ បងអ្នកក្រក្រីឈោងចាប់យ៉ាប់ណាស់ ។ *-បងសូមជូនពរផងណាពិសី អូនកុំក្បត់ប្ដីដូចស្រីប្រែផ្លាស់ បោកបា្រស់ចិត្តបងឲ្យរង់អាម៉ាស អូនកុំផ្ដេសផ្ដាសដូចមុនត្រាណត្រើយ ។ *-ក្នុងថ្ងៃអូនផ្ទឹមញញឹមប្រិមប្រិយ ជាមួយប្រុសថ្មីគ្មានគិតបងឡើយ បងលួចសម្លឹងសំពះលើខ្នើយ បេះដូងឥតស្បើយស្ទើរក្ស័យជីវិត ។ ​​​ និពន្ធដោយ លោកបង វណ្ណារ័ត្ន

No comments:

Post a Comment