Thursday, January 23, 2014

បេះដូងបងសម្រាប់អូន

*-សូមអូនចាំស្ដាប់ណាស្រស់ពិសី បងនឹងស្រដីប្រាប់ដល់ជីវា អំពីដួងចិត្តដែលបងស្នេហា លើស្រស់ធីតាគ្មានថ្ងៃកែប្រែ ។ *-ក្នុងបេះដូងបងមានតែរូបស្រី គឺគ្មានអ្នកថ្មីទេណាម្ចាស់ស្នេហ៍ អូនជាគ្រាប់ពេជ្រដែលបងប៉ងថែ យូរឆ្នាំយូរខែហើយមាសថ្លៃ ។ *-បេះដូងបងមួយមិនឲ្យអ្នកណា យកទៅប្រហារចោលទេចរណៃ គឺមានតែអូនជាអ្នកកែច្នៃ ច្រៀកងៀតឬខ្វៃតាមអូនត្រូវការ ។ *-ទោះបេះដូងបងជាកូនអ្នកក្រ តែវាសុទ្ធល្អឥតមានមុសា មិនក្លែងបន្លំបំភ្លៃជីវា បេះដូងនេះណាជាបេះដូងពិត ។ *-បេះដូងកម្សត់មិនក្បត់ចិត្តស្រី ទោះក្រម្ដេចក្ដីក៏រៀមឥតថា នៅតែរួមស្ម័គ្រមិនប្រែសាវា ចាកចោលបុប្ផាឲ្យរោយស្រពោន ។ *-បេះដូងកំព្រានៅតែរង់ចាំ ទោះហ្មឺនខែឆ្នាំមិនប្រែដកខ្លួន ទុកឲ្យផ្កាស្រីរុះរោយដោយខ្លួន បេះដូងមាំមួននៅតែរក្សា ។ *-បេះដូងកម្សត់កត់ត្រារូបស្រី យកតាមរាល់ថ្ងៃមិនភ្លេចទេណា ទោះបីបងគេងក៏ក្នុងចិន្ដា នឹកឃើញភ័ក្ត្រាស្រីគ្រប់នាទី ។ *-បេះដូងក្រពិតតែចិត្តបងស្មោះ បេះដូងកម្លោះដាក់តែនារី បុប្ផាជនបទស្រស់ល្អគ្មានពីរ ល្អលើសនារីក្នុងដែនលោកា ។ *-ក្នុងបេះដូងបងមានតែអូនម្នាក់ ជាអ្នកទុកដាក់មើលរាល់កិច្ចការ ទោះខុសឬត្រូវតាមអូនមេត្តា សណ្ដោសទោសាដល់បងអ្នកក្រ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

No comments:

Post a Comment