Thursday, January 23, 2014
កុំយំណាអូនណា!
*-នេះជាកំណាព្យកាព្យបងតែងថ្មី ស្ដីពីហ្ឬទ័យដែលបងខ្លោចផ្សា
ពេលឃើញអូនយំមុខគ្របក្រមា ឃើញទឹកនេត្រាអូនហូររហាម ។
*-អូនគេងលើខ្នើយកើយគិតសញ្ជឹង គិតថារឿងនឹងម្ដេចប្រុសបែ្រប្រាណ
រលាស់ចោលស្រីឲ្យទទួលបាន ក្ដីទុក្ខរំខានរៀងរាល់រាត្រី ។
*-ទឹកភ្នែកអូនហូរៗមិនឈប់សោះ ហូរព្រោះស្រណោះប្រុសចិត្តអប្រិយ
មិនអាណិតនាងធ្លាប់ផ្ដល់ភក្ដី ពេលនេះហេតុអ្វីប្រែគ្មានមេត្តា ។
*-បានជាស្រីយំមកពីស្រីស្មោះ ជាមួយកម្លោះគ្មានចិត្តសាវា
ប្រែប្រួលរកថ្មីក្រឡះចិន្ដា ឲ្យប្រុសជីវារស់នៅកំព្រា ។
*-ពេលអូនគេងយំបងយល់ចិត្តស្រី ទោះមិនស្រដីក៏បងយល់ងារ
នូវចិត្តគំនិតស្រីស្រស់សោភា ថាចង់ពណ៌នាចិត្តបងយ៉ាងណា ។
*-តែបងមិនខឹងទេស្រស់ចរណៃ ខឹងចុះស្រីថ្លៃឲ្យសមចិន្ដា
ដែលអូនបានស្មោះជាមួយរៀមរ៉ា ចង់ជេរផ្ដាសាថាមកពិសី ។
*-ឈប់យំចុះអូនបងមិនក្បត់ទេ មិនចោលមាសមេរកអ្នកដទៃ
គឺមានតែអូនជាឪសថថ្លៃ ព្យាបាលហ្ឬទ័យបងលុះមរណា ។
*-អូនជាថ្នាំទិព្វនៃបេះដូងបង ជាអ្នកចម្លងឲ្យបងសុខា
គ្មានទុក្ខគ្មានព្រួយយើងទាំងទ្វេហា រស់ដោយថ្លៃថ្លាជាពលរដ្ឋល្អ ។
*-សូមអូនកុំគិតថាបងក្បត់ស្រី ដោះដៃរកថ្មីចោលស្រីរូបល្អ
ឃើញផ្កាទីក្រុងរីកស្រស់បវរ ភ្លេចបុប្ផាល្អដុះលើដីស្រែ ។
*-ទោះបុប្ផាអូនដុះដីជនបទ តែផ្កាមានផ្នត់ក្រពុំមានស្នេហ៍
រីកស្រស់លើទងគ្រប់កាលឆ្នាំខែ ក្រពុំឥតប្រែតាមរដូវកាល ។
*-កុំយំណាអូនស្ងួនបណ្ដូលចិត្ត អូនជាទាវពិតបងទុំជាថ្នាល
បណ្ដុះស្នេហ៍យើងឲ្យរីកដុះដាល ត្រកុំត្រកាលរីករាយឡើងអើយ....! ។
និពន្ធដោយ លោកបង វណ្ណារ័ត្ន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment