*-ពេលអូនស្រវាចាប់លិខិត ដ៏តូចប្រណីតកត់ដោយដៃ
ថ្លែងជាទំនុកជូនចរណៃ ឲ្យថ្លៃបានយល់ពីដួងចិត្ត ។
*-បងនៅឆ្ងាយហើយសូមរក្សា តម្លៃខេមរាជាស្រ្តីពិត
អូនត្រូវខំប្រឹងរឹងគំនិត កុំឲ្យគេគិតថាមិនល្អ ។
*-អូនធ្វើយ៉ាងណារក្សាខ្លួន ឲ្យបានមាំមួនណាបវរ
បងនៅឯនាយសូមត្រេកអរ អំណរលើអូនក្បូនជីវិត ។
*-រូបបងបារម្ភគ្រប់នាទី ក្រែងស្រស់នារីពិបាកចិត្ត
ធ្លាប់មានរូបបងនៅរួមស្និទ្ធិ នែបនិត្យមេត្រីស្រីសុខា ។
*-តែអូនជឿចុះចិត្តរូបបង ស្មោះលើនួនល្អងមិនសាវា
ស្រឡាញ់តែអូនរួមវាសនា ប្រាថ្នាជាគូលុះក្សិណក្ស័យ ។
No comments:
Post a Comment