Friday, January 24, 2014
ដួងច័ន្ទរះឆ្ងាយ
*-អូនជាព្រះច័ន្ទរះលើវេហាស៍ ខ្ពស់ហួសហត្ថារៀមរ៉ាឈោងចាប់
ច័ន្ទធ្វើជាគូឲ្យអ្នកផងត្រាប់ ព្រោះច័ន្ទចំណាប់ជាស្រីគ្រប់ល័ក្ខណ៍ ។
*-ច័ន្ទអូនច័ន្ទល្អលម្អផែនដី ឲ្យមានរស្មីគ្មានក្ដីអួរអ័ព្ទ
មន្ទិលសៅហ្មងកន្លងស្រអាប់ គ្មានសល់ខន់ខាប់ស្រឡះគ្មានហ្មង ។
*-ឃើញច័ន្ទរូបល្អចង់យកហត្ថា ទាំងទ្វេនេះណាទៅបីត្រកង
ថ្នាក់ថ្នមច័ន្ទថ្លៃមិនឲ្យមួហ្មង មិនឲ្យនួនល្អងអាក់អន់ចិន្ដា ។
*-ឃើញច័ន្ទយាត្រាចង់ដើរទន្ទឹម ចង់ដើរទៅផ្ទឹមកៀកនិងជីវា
សមឬមិនសមកុំខឹងអីណា រូបបងទន្សាយចង់នៅក្បែរស្រី ។
*-តើបានឬទេសូមច័ន្ទវាចា ប្រាប់មកច័ន្ទថ្លាកុំគិតវែងអី
មេត្តាអាណិតទន្សាយព្រៃ លួចស្នេហ៍ច័ន្ទថ្លៃច្រើនឆ្នាំហើយណា ។
*-ឬមួយដួងច័ន្ទគិតថាមិនសម? ជាមួយរូបខ្ញុំជាមនុស្សឥតការ
គ្មានទ្រព្យធនធានកេរ្ដិ៍ឈ្មោះសក្ដា ឬឡានវីឡាដូចពួកមន្ត្រី? ។
*-តែមិនថ្វីទេសូមច័ន្ទកុំព្រួយ ចំពោះខ្ញុំមួយសូមកុំព្រួយភ័យ
មាសប្រាក់រកក្រោយបានងាយទេស្រី ឲ្យតែប្រណីទន្សាយព្រៃមក ។
*-បើតាមខ្ញុំគិតគឺមិនស្រួលទេ ព្រោះច័ន្ទមាសមេពិតជានឹកធ្នក
ថាទន្សាយព្រៃប្រាកដជាបោក បា្រស់ចិត្តពន្លកឲ្យរងទុក្ខា ។
*-តែណ្ហើយច័ន្ទអើយមិនព្រមក៏បាន ឲ្យតែកល្យាណបានសោយសុខា
រះលើមេឃាឥតមាននរណា ប៉ះប្រាណជីវាឲ្យបង់រស្មី ។
*-ច័ន្ទអើយដួងច័ន្ទអ្នកបានចរទៅ បន្សល់ទុកនៅទុកឲ្យរាត្រី
ងងឹតសូន្យឈឹងទ្វីបលោកគ្មានន័យ ព្រោះតែច័ន្ទស្រីរះឆ្ងាយសន្លឹម ។
និពន្ធដោយ លោកបង វណ្ណារ័ត្ន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment