Wednesday, January 22, 2014
នឹកគ្រប់វេលា
*-កណ្ដាលរាត្រីស្ងាត់ឈឹងជ្រងំ បងកើតទុក្ខធំព្រោះនឹកត្រាណត្រើយ
គេងនៅម្នាក់ឯងចម្បែងឥតស្បើយ ឳ!កែវបងហ្អើយបងសែននឹកណាស់ ។
*-នឹកអើយសែននឹកៗគ្រប់នាទី នឹកដល់នារីគ្មានចិត្តប្ដូរផ្លាស់
នឹកគ្រប់ដង្ហើមនឹកយ៉ាងជាក់ច្បាស់ នឹកអើយនឹកណាស់នឹកស្ងួនភ្ងា ។
*-បងប្រាសខ្នងគេងនឹកអូនរឹតទ្វេ នឹកមិនទំនេរនឹកពៅពុំងា
នឹកចង់ជួបភ័ក្ត្រចង់នៅជិតគ្នា ចង់នៅពណ៌នាពីចិត្តបងស្នេហ៍ ។
*-បងនៅម្នាក់ឯងសែនចម្បែងព្រួយ ចំពោះអូនមួយនឹកព្រួយខ្លាចស្នេហ៍
អូនមិននឹកបងដូចបងនឹកដែរ នឹកព្រួយខ្លាចស្នេហ៍បែកបែរចោលបង ។
*-ជារៀងរាល់ថ្ងៃបងនឹកអូនណាស់ នឹកពិតជាក់ច្បាស់នឹកមិនបែរខ្នង
នឹកព្រោះបងស្នេហ៍លើស្រស់នួនល្អង នឹកដល់ស្នេហ៍ស្នងបងបានស្រឡាញ់ ។
*-ទំហំដួងចិត្តបងបានស្នេហ៍ស្រី ធំជាងផែនដីណាអូនសម្លាញ់
បេះដូងបងស្នេហ៍អូនយ៉ាងខ្មួលខ្មាញ់ បេះដូងបងបាញ់ឆ្ពោះទៅរកស្រី ។
*-កំណាព្យបងនឹកយប់ព្រឹកមិនភ្លេច នឹកជាប់ជានិច្ចនឹកគ្រប់រាត្រី
នឹកអូនរហូតនឹកមិនភ្លេចអី នឹកដល់ម្ចាស់ស្រីនឹកគ្រប់វាចា ។
*-នឹកឃើញកាលបងអង្គុយក្បែរស្រី សាសងសម្ដីនៅក្នុងគេហា
និយាយពីចិត្តយើងទាំងទ្វេហា ប្រាប់ពីស្នេហាដល់គ្នានិងគ្នា ។
*-ចិត្តបងស្នេហ៍ដូចក្បូននិងទឹក រាល់ពេលល្ងាចព្រឹកឥតមានវេលា
ណាមួយភ្លេចអូនទោះបងនិទ្ទ្រា ក៏នឹកស្ងួនភ្ញាគ្រប់គ្រាទាំងអស់ ។
*-នឹកអើយសែននឹកៗតែអូនមួយ នឹកស្ទើររលួយបេះដូងកម្លោះ
ព្រោះតែនឹកអូនបងសែនស្រណោះ នឹកដល់ឆោមស្រស់នឹកគ្រប់វេលា ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment