Monday, January 20, 2014
លួចស្នេហ៍ដួងច័ន្ទ
*-យប់យន់ត្រជាក់កាន់តែជ្រៅ សត្វមៀមតវៅយំឆ្លងឆ្លើយ
ឯអូតស្រែកយំម៉ោងមួយហើយ ឳ!កវីអើយម្ដេចមិនគេង? ។
*-សន្សើមត្រជាក់ចូលស្រោចប្រាណ ប្រាសខ្នងសម្រាន្តបែរវង្វេង
ទោះខំសម្ងំស្ងាត់ឈឹងធេង ក៏នេត្រាគេងមិនលក់ឡើយ ។
*-ពេលនោះកវីក៏ងើបវិញ ទាំងចិត្តទោម្នេញមិនល្ហែល្ហើយ
ចក្ខុសម្លឹងស្វែងរកខ្នើយ មកដាក់បង្កើយហើយគិតថា ។
*-យើងគេងមិនលក់ព្រោះហេតុអ្វី? ឬមានរឿងអីពីស្នេហា?
ឬក៏លួចស្នេហ៍ដូងច័ន្ទថ្លា រះលើវេហាស៍ខ្ពស់សែនឆ្ងាយ? ។
*-នេត្រាទាំងគូសម្លឹងច័ន្ទ ទុក្ខារយពាន់បានរសាយ
ប្រាសចាកពីចិត្តឃ្លាតពីកាយ មានតែសប្បាយក្នុងចិន្ដា ។
*-សម្រស់ព្រះច័ន្ទជាឪសថ រម្លាយរម្លត់រាល់បញ្ហា
ក្នុងចិត្តកវីធ្លាប់ខ្លោចផ្សា ពេលនេះស្រស់ថ្លាមានរស្មី ។
*-ប្រសិនបានច័ន្ទមកកៀកកើយ រួមរស់លើខ្នើយរាល់រាត្រី
ប្រហែលជាសុខគ្មានទុក្ខភ័យ គឺសុខព្រោះស្រីឲ្យសប្បាយ ។
*-ខ្ញុំចង់យកដៃទៅចាប់ច័ន្ទ មកថ្នាក់ថ្នមកាន់នែបនិត្យកាយ
បីបមប្រឡែងឲ្យឆោមឆាយ ប្លែកចិត្តប្លែកកាយណាណីម្ដង ។
*-ប៉ុន្តែមិនអាចសង្ឃឹមទេ ព្រោះច័ន្ទមាសមេរះហួសប៉ង
មិនងាយចាប់បានច័ន្ទនួនល្អង មកកៀកផ្ទឹមផ្សងជាគូឡើយ ។
*-តើច័ន្ទដឹងក្នុងចិត្តខ្ញុំ? ទុក្ខព្រួយក្ដៅងំណាស់ត្រាណត្រើយ
មិនអាចបរិយាយប្រាប់ត្រូវឡើយ ទុក្ខឥតមានស្បើយស្ទើរក្សិណក្ស័យ ។
*ច័ន្ទអើយច័ន្ទល្អខ្ញុំលួចស្នេហ៍ ជាច្រើនថ្ងៃខែហើយពិសី
សូមច័ន្ទអាណិតដល់កវី ប្រោសប្រាណភក្ដីដល់ខ្ញុំផង.....! ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment