Monday, January 20, 2014
រូបថតអនុស្សាវរីយ៍
*-រូបថតពិសីស្រីជូនដល់បង ទុកជាចំណងចងអនុស្សា
ភ្ជាប់ចិត្តភក្ដីដើម្បីស្នេហា នៅក្នុងតម្រាចារយើងទាំងពីរ ។
*-រូបមួយសន្លឹកនឹកបងបើកមើល គយគន់ប្រមើលសម្រស់ឆវី
បងលួចញញឹមថាអូនគ្មានពីរ អូនជានារីល្អគ្រប់លក្ខិណា ។
*-មានរូបថតស្ងួនដូចអូននៅជិត ទោះយប់ងងឹតមិនព្រួយសោះណា៎
ព្រោះមានរូបអូននៅគ្រងរក្សា សត្រូវប្រហារបងមិនខ្លាចភ័យ ។
*-រូបថតនួនល្អងឲ្យបងបានស្បើយ ក្រៀមក្រំល្ហែល្ហើយស្រាយពីហ្ឬទ័យ
ទោះបីការងារលំបាកធ្ងន់ក្ដី កាលឃើញភ័ក្ដ្រស្រីការងារស្រស់ស្រាយ ។
*-រូបថតនួនល្អងចងចិត្តភក្ដី ភ្ជាប់លើរូបស្រីមិងឲ្យឃ្លាតឆ្ងាយ
ភ្ជាប់ទាំងចិត្តស្ម័គ្រលើស្រស់ឆោមឆាយ ភ្ជាប់ទាំងចិត្តកាយស្មោះតែអូនមួយ ។
និពន្ធដោយ លោកបង វណ្ណារ័ត្ន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment