Friday, January 24, 2014

ដួងច័ន្ទរះឆ្ងាយ

*-អូនជាព្រះច័ន្ទរះលើវេហាស៍ ខ្ពស់ហួសហត្ថារៀមរ៉ាឈោងចាប់ ច័ន្ទធ្វើជាគូឲ្យអ្នកផងត្រាប់ ព្រោះច័ន្ទចំណាប់ជាស្រីគ្រប់ល័ក្ខណ៍ ។ *-ច័ន្ទអូនច័ន្ទល្អលម្អផែនដី ឲ្យមានរស្មីគ្មានក្ដីអួរអ័ព្ទ មន្ទិលសៅហ្មងកន្លងស្រអាប់ គ្មានសល់ខន់ខាប់ស្រឡះគ្មានហ្មង ។ *-ឃើញច័ន្ទរូបល្អចង់យកហត្ថា ទាំងទ្វេនេះណាទៅបីត្រកង ថ្នាក់ថ្នមច័ន្ទថ្លៃមិនឲ្យមួហ្មង មិនឲ្យនួនល្អងអាក់អន់ចិន្ដា ។ *-ឃើញច័ន្ទយាត្រាចង់ដើរទន្ទឹម ចង់ដើរទៅផ្ទឹមកៀកនិងជីវា សមឬមិនសមកុំខឹងអីណា រូបបងទន្សាយចង់នៅក្បែរស្រី ។ *-តើបានឬទេសូមច័ន្ទវាចា ប្រាប់មកច័ន្ទថ្លាកុំគិតវែងអី មេត្តាអាណិតទន្សាយព្រៃ លួចស្នេហ៍ច័ន្ទថ្លៃច្រើនឆ្នាំហើយណា ។ *-ឬមួយដួងច័ន្ទគិតថាមិនសម? ជាមួយរូបខ្ញុំជាមនុស្សឥតការ គ្មានទ្រព្យធនធានកេរ្ដិ៍ឈ្មោះសក្ដា ឬឡានវីឡាដូចពួកមន្ត្រី? ។ *-តែមិនថ្វីទេសូមច័ន្ទកុំព្រួយ ចំពោះខ្ញុំមួយសូមកុំព្រួយភ័យ មាសប្រាក់រកក្រោយបានងាយទេស្រី ឲ្យតែប្រណីទន្សាយព្រៃមក ។ *-បើតាមខ្ញុំគិតគឺមិនស្រួលទេ ព្រោះច័ន្ទមាសមេពិតជានឹកធ្នក ថាទន្សាយព្រៃប្រាកដជាបោក បា្រស់ចិត្តពន្លកឲ្យរងទុក្ខា ។ *-តែណ្ហើយច័ន្ទអើយមិនព្រមក៏បាន ឲ្យតែកល្យាណបានសោយសុខា រះលើមេឃាឥតមាននរណា ប៉ះប្រាណជីវាឲ្យបង់រស្មី ។ *-ច័ន្ទអើយដួងច័ន្ទអ្នកបានចរទៅ បន្សល់ទុកនៅទុកឲ្យរាត្រី ងងឹតសូន្យឈឹងទ្វីបលោកគ្មានន័យ ព្រោះតែច័ន្ទស្រីរះឆ្ងាយសន្លឹម ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

Thursday, January 23, 2014

បេះដូងបងសម្រាប់អូន

*-សូមអូនចាំស្ដាប់ណាស្រស់ពិសី បងនឹងស្រដីប្រាប់ដល់ជីវា អំពីដួងចិត្តដែលបងស្នេហា លើស្រស់ធីតាគ្មានថ្ងៃកែប្រែ ។ *-ក្នុងបេះដូងបងមានតែរូបស្រី គឺគ្មានអ្នកថ្មីទេណាម្ចាស់ស្នេហ៍ អូនជាគ្រាប់ពេជ្រដែលបងប៉ងថែ យូរឆ្នាំយូរខែហើយមាសថ្លៃ ។ *-បេះដូងបងមួយមិនឲ្យអ្នកណា យកទៅប្រហារចោលទេចរណៃ គឺមានតែអូនជាអ្នកកែច្នៃ ច្រៀកងៀតឬខ្វៃតាមអូនត្រូវការ ។ *-ទោះបេះដូងបងជាកូនអ្នកក្រ តែវាសុទ្ធល្អឥតមានមុសា មិនក្លែងបន្លំបំភ្លៃជីវា បេះដូងនេះណាជាបេះដូងពិត ។ *-បេះដូងកម្សត់មិនក្បត់ចិត្តស្រី ទោះក្រម្ដេចក្ដីក៏រៀមឥតថា នៅតែរួមស្ម័គ្រមិនប្រែសាវា ចាកចោលបុប្ផាឲ្យរោយស្រពោន ។ *-បេះដូងកំព្រានៅតែរង់ចាំ ទោះហ្មឺនខែឆ្នាំមិនប្រែដកខ្លួន ទុកឲ្យផ្កាស្រីរុះរោយដោយខ្លួន បេះដូងមាំមួននៅតែរក្សា ។ *-បេះដូងកម្សត់កត់ត្រារូបស្រី យកតាមរាល់ថ្ងៃមិនភ្លេចទេណា ទោះបីបងគេងក៏ក្នុងចិន្ដា នឹកឃើញភ័ក្ត្រាស្រីគ្រប់នាទី ។ *-បេះដូងក្រពិតតែចិត្តបងស្មោះ បេះដូងកម្លោះដាក់តែនារី បុប្ផាជនបទស្រស់ល្អគ្មានពីរ ល្អលើសនារីក្នុងដែនលោកា ។ *-ក្នុងបេះដូងបងមានតែអូនម្នាក់ ជាអ្នកទុកដាក់មើលរាល់កិច្ចការ ទោះខុសឬត្រូវតាមអូនមេត្តា សណ្ដោសទោសាដល់បងអ្នកក្រ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

កុំយំណាអូនណា!

*-នេះជាកំណាព្យកាព្យបងតែងថ្មី ស្ដីពីហ្ឬទ័យដែលបងខ្លោចផ្សា ពេលឃើញអូនយំមុខគ្របក្រមា ឃើញទឹកនេត្រាអូនហូររហាម ។ *-អូនគេងលើខ្នើយកើយគិតសញ្ជឹង គិតថារឿងនឹងម្ដេចប្រុសបែ្រប្រាណ រលាស់ចោលស្រីឲ្យទទួលបាន ក្ដីទុក្ខរំខានរៀងរាល់រាត្រី ។ *-ទឹកភ្នែកអូនហូរៗមិនឈប់សោះ ហូរព្រោះស្រណោះប្រុសចិត្តអប្រិយ មិនអាណិតនាងធ្លាប់ផ្ដល់ភក្ដី ពេលនេះហេតុអ្វីប្រែគ្មានមេត្តា ។ *-បានជាស្រីយំមកពីស្រីស្មោះ ជាមួយកម្លោះគ្មានចិត្តសាវា ប្រែប្រួលរកថ្មីក្រឡះចិន្ដា ឲ្យប្រុសជីវារស់នៅកំព្រា ។ *-ពេលអូនគេងយំបងយល់ចិត្តស្រី ទោះមិនស្រដីក៏បងយល់ងារ នូវចិត្តគំនិតស្រីស្រស់សោភា ថាចង់ពណ៌នាចិត្តបងយ៉ាងណា ។ *-តែបងមិនខឹងទេស្រស់ចរណៃ ខឹងចុះស្រីថ្លៃឲ្យសមចិន្ដា ដែលអូនបានស្មោះជាមួយរៀមរ៉ា ចង់ជេរផ្ដាសាថាមកពិសី ។ *-ឈប់យំចុះអូនបងមិនក្បត់ទេ មិនចោលមាសមេរកអ្នកដទៃ គឺមានតែអូនជាឪសថថ្លៃ ព្យាបាលហ្ឬទ័យបងលុះមរណា ។ *-អូនជាថ្នាំទិព្វនៃបេះដូងបង ជាអ្នកចម្លងឲ្យបងសុខា គ្មានទុក្ខគ្មានព្រួយយើងទាំងទ្វេហា រស់ដោយថ្លៃថ្លាជាពលរដ្ឋល្អ ។ *-សូមអូនកុំគិតថាបងក្បត់ស្រី ដោះដៃរកថ្មីចោលស្រីរូបល្អ ឃើញផ្កាទីក្រុងរីកស្រស់បវរ ភ្លេចបុប្ផាល្អដុះលើដីស្រែ ។ *-ទោះបុប្ផាអូនដុះដីជនបទ តែផ្កាមានផ្នត់ក្រពុំមានស្នេហ៍ រីកស្រស់លើទងគ្រប់កាលឆ្នាំខែ ក្រពុំឥតប្រែតាមរដូវកាល ។ *-កុំយំណាអូនស្ងួនបណ្ដូលចិត្ត អូនជាទាវពិតបងទុំជាថ្នាល បណ្ដុះស្នេហ៍យើងឲ្យរីកដុះដាល ត្រកុំត្រកាលរីករាយឡើងអើយ....! ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

រៀបការចុះអូន

*-ខ្លួនបងជាប្រុសរស់សព្វថ្ងៃ រស់ដោយបច្ច័យកម្មតាក់តែង ផលល្អអាក្រក់ពិតជាក់ស្ដែង ពិតគ្រប់កន្លែងព្រេងវាសនា ។ *-កើតមកជាប្រុសប៉ុន្តែក្រ រស់នៅកំដរទ្វីបលោកា ព្រាត់ប្រាសឪពុកនិងមាតា ព្រាត់ដូនព្រាត់តាព្រាត់ញាតិផៅ ។ *-កម្មបងអាក្រក់ណាស់ពិសី អូនត្រូវលកលៃណាឆោមឆ្លៅ ចេះគិតពិចាររឿងក្នុងក្រៅ អូនត្រូវសំដៅរកទីពិត ។ *-បើអូនពឹងបងពិតជាខាន ព្រោះញាតិសណ្ដានបងក្រពិត មិនអាចឲ្យអូនផ្ញើជីវិត សុខស្រួលដល់ចិត្តទេព្រលឹង ។ *-បងសូមអង្វរចុះណាស្រី ត្រូវប្រែចិត្តថ្មីរកទីពឹង កសាងវាសនាមានលំនឹង រស់នៅត្រឈឹងគ្មានទុក្ខា ។ *-បើអូនចាំបងពិតពិបាក ព្រោះមិនដឹងចាកលាសិក្ខា ទៅរស់នឹងអូននៅថ្ងៃណា ខែណាឆ្នាំណាទេជំនិត ។ *-បើគេគ្រាន់បើយកចុះស្រី បងមិនជេរស្ដីទេវរមិត្រ ឲ្យតែអូនស្រួលក្នុងជីវិត រស់នៅជួបជិតនិងភស្ដា ។ *-រូបបងអ្នកក្រយល់ចិត្តស្រី យល់ពីហ្ឬទ័យអូនមេត្តា សណ្ដោសដល់បងប៉ងជីវា មករួមរក្សាជាគូគ្រង ។ *-អូនព្រមការចុះណាចរណៃ កាត់ចិត្តចុះថ្លៃណាមាសបង បងជឿចិត្តអូនថាស្នេហ៍បង ស្នេហ៍មិនឲ្យហ្មងស្នេហ៍អមតៈ ។ *-រៀបការចុះអូនបងជូនពរ ជូនដោយអំណរនិងគារវៈ គោរពចិត្តអូនដែលធ្លាប់ស្ម័គ្រ មិនឲ្យបងអាក់អន់ចិន្ដា ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

តាមឪពុកម្ដាយអូនចុះ

*-ខ្លួនបងជាប្រុសរស់សែនឈឺផ្សា កាលបើដឹងថាជីវាមានគូ បំភ្លេចចោលបងដែលខំតស៊ូ ព្យាយាមគិតគូសាងស្នេហ៍និងស្រី ។ *-រយៈបីឆ្នាំបងនៅសិក្សា សម្អាតចិន្ដាទុកសម្រាប់ស្រី ទោះបីមានគេមកសុំភក្ដី ក៏បងខន្ដីមិនសាវាឡើយ ។ *-បងសន្សំចិត្តស្ម័គ្រតែរូបអូន មិនព្រមដកខ្លួនមិនក្បត់ត្រាណត្រើយ មិនក្បត់ស្នេហាដែលបានឆ្លងឆ្លើយ បងមិនក្បត់ឡើយមិនក្បត់សន្យា ។ *-ប៉ុន្តែឥឡូវគឺគ្មានន័យទេ ព្រោះអីមាសមេបែកបែរចិន្ដា ភ្ជាប់ពាក្យគូថ្មីបំភ្លេចសង្សារ បំភ្លេចសន្យាស្រីបានស្បថស្បែ ។ *-ព្រមចុះព្រមចុះបងមិនជំទាស់ ឲ្យតែឆោមស្រស់អូនតាមពុកម៉ែ ធ្វើជាកូនល្អដែលគាត់ខំថែ ច្រើនឆ្នាំច្រើនខែរហូតពេញវ័យ ។ *-បងមិនខឹងឡើយឲ្យតែបានសុខ សមចិត្តឪពុកនិងអ្នកម្ដាយស្រី រស់នៅជួបជុំជាមួយស្វាមី សុខរាល់រាត្រីសុខក្នុងគ្រួសារ ។ *-ចំណែករូបបងនិស្សិតខកចិត្ត ឋានៈតូចពិតគ្រាន់តែឈឺផ្សា មួយគ្រាប៉ុណ្ណោះមិនអីទេណា ដល់អូនរៀបការបងអស់ខ្វល់ហើយ ។ *-ពាក្យពេចន៍ទាំងអស់ដែលបងវាចា ឲ្យបានដឹងថាបងមិនសុខឡើយ ពេលបងបានដឹងដំណឹងត្រាណត្រើយ មានគូទៅហើយបងសែនសោកស្ដាយ ។ *-តើអូនដឹងទុក្ខព្រួយព្រោះស្នេហ៍ មិនងាយជាទេណាស្រស់ឆោមឆាយ ចិត្តធ្លាប់ស្មោះស្ម័គ្ររួមរស់សប្បាយ ចិត្តធ្លាប់ក្អាកក្អាយកាលឃើញមុខគ្នា ។ *-បែកអូនបីឆ្នាំបងចង់រក្សា កិត្តិយសជីវាមិនឲ្យធ្លាយធា្ល បងមិនមកលេងជាមួយឃពុំងា ព្រោះចង់ពណ៌នាថាចិត្តបងស្មោះ ។ *-តាមម្តាយអូនចុះមិនខុសទេស្រី លោកថាប្រពៃកុំឡើយបង់បោះ ត្រូវតែតាមគាត់ទើបសមឥតខ្ចោះ ជាកូនល្អស្រស់ទើបហៅប្រសើរ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

Wednesday, January 22, 2014

លួចមើលអូនផ្ទឹម

*-បេះដូងកកឈាមក្នុងថ្ងៃអូនផ្ទឹម អូនលួចញញឹមនិងគូស្នេហ៍ថ្មី មិននឹកដល់បងជាសង្សារស្រី ដែលធ្លាប់បេតីទាំងចិត្តស្មោះស ។ *-បងឈរសម្លឹងពេលអូនសំពះ នៅមុខចាស់ៗមានភ្លេងកំដរ ឲ្យពរឲ្យជ័យការស្រីបវរ ញាតិមិត្តកុះករចូលមកចងដៃ ។ *-អូននាងញញឹមនិងសើចសប្បាយ មិនបានសោកស្ដាយនិងនឹកអាល័យ ចំពោះរូបបងធ្លាប់ថើបចរណៃ ពេលនេះថ្ពាល់ថ្លៃគេថើបទៅវិញ ។ *-ក្នុងថ្ងៃអូនការបងសែនតក់ស្លុត បេះដូងរន្ធត់ទ្រូងសែនទោម្នេញ ចុកចាប់ឈឺផ្សាហាស្ដីមិនចេញ មិនគួរណាចាញ់កលស្រីបោកចិត្ត ។ *-បាយខុនចងដៃប្រល័យចិត្តខ្ញុំ ឲ្យរង់ទុក្ខកណ្ដាលលោកពិត ខ្មាសញាតិប្រុសស្រីដែលគេនៅជិត ធ្លាប់ដឹងជីវិតស្នេហ៍ខ្ញុំនិងនាង ។ *-ភ្លេងការកំដរឮសូររងំ នៅក្នុងទ្រូងខ្ញុំហាក់ដូចព្យុះភ្លៀង ក្តុកក្ដួលអួលអាក់ក្ដៅដោយសារនាង បោកប្រាស់ពង្វាងក្បត់ចិត្តនៃខ្ញុំ ។ *-សែនសោកស្ដាយណាស់ស្ដាយពាក្យអូនស្មោះ ជាមួយរូបប្រុសថាកុំក្បត់ម៉ុម មានអស់ទេព្ដាជាអ្នកផ្សំផ្គុំ ពេលនេះមាសម៉ុមប្រែជាកាកី ។ *-ការចុះនួនល្អងបងមិនសមទេ និងរូបមាសមេជាកូនមន្ត្រី មានទ្រព្យខ្ពង់ខ្ពស់ហួសពីនិស្ស័យ បងអ្នកក្រក្រីឈោងចាប់យ៉ាប់ណាស់ ។ *-បងសូមជូនពរផងណាពិសី អូនកុំក្បត់ប្ដីដូចស្រីប្រែផ្លាស់ បោកបា្រស់ចិត្តបងឲ្យរង់អាម៉ាស អូនកុំផ្ដេសផ្ដាសដូចមុនត្រាណត្រើយ ។ *-ក្នុងថ្ងៃអូនផ្ទឹមញញឹមប្រិមប្រិយ ជាមួយប្រុសថ្មីគ្មានគិតបងឡើយ បងលួចសម្លឹងសំពះលើខ្នើយ បេះដូងឥតស្បើយស្ទើរក្ស័យជីវិត ។ ​​​ និពន្ធដោយ លោកបង វណ្ណារ័ត្ន

នឹកគ្រប់វេលា

*-កណ្ដាលរាត្រីស្ងាត់ឈឹងជ្រងំ បងកើតទុក្ខធំព្រោះនឹកត្រាណត្រើយ គេងនៅម្នាក់ឯងចម្បែងឥតស្បើយ ឳ!កែវបងហ្អើយបងសែននឹកណាស់ ។ *-នឹកអើយសែននឹកៗគ្រប់នាទី នឹកដល់នារីគ្មានចិត្តប្ដូរផ្លាស់ នឹកគ្រប់ដង្ហើមនឹកយ៉ាងជាក់ច្បាស់ នឹកអើយនឹកណាស់នឹកស្ងួនភ្ងា ។ *-បងប្រាសខ្នងគេងនឹកអូនរឹតទ្វេ នឹកមិនទំនេរនឹកពៅពុំងា នឹកចង់ជួបភ័ក្ត្រចង់នៅជិតគ្នា ចង់នៅពណ៌នាពីចិត្តបងស្នេហ៍ ។ *-បងនៅម្នាក់ឯងសែនចម្បែងព្រួយ ចំពោះអូនមួយនឹកព្រួយខ្លាចស្នេហ៍ អូនមិននឹកបងដូចបងនឹកដែរ នឹកព្រួយខ្លាចស្នេហ៍បែកបែរចោលបង ។ *-ជារៀងរាល់ថ្ងៃបងនឹកអូនណាស់ នឹកពិតជាក់ច្បាស់នឹកមិនបែរខ្នង នឹកព្រោះបងស្នេហ៍លើស្រស់នួនល្អង នឹកដល់ស្នេហ៍ស្នងបងបានស្រឡាញ់ ។ *-ទំហំដួងចិត្តបងបានស្នេហ៍ស្រី ធំជាងផែនដីណាអូនសម្លាញ់ បេះដូងបងស្នេហ៍អូនយ៉ាងខ្មួលខ្មាញ់ បេះដូងបងបាញ់ឆ្ពោះទៅរកស្រី ។ *-កំណាព្យបងនឹកយប់ព្រឹកមិនភ្លេច នឹកជាប់ជានិច្ចនឹកគ្រប់រាត្រី នឹកអូនរហូតនឹកមិនភ្លេចអី នឹកដល់ម្ចាស់ស្រីនឹកគ្រប់វាចា ។ *-នឹកឃើញកាលបងអង្គុយក្បែរស្រី សាសងសម្ដីនៅក្នុងគេហា និយាយពីចិត្តយើងទាំងទ្វេហា ប្រាប់ពីស្នេហាដល់គ្នានិងគ្នា ។ *-ចិត្តបងស្នេហ៍ដូចក្បូននិងទឹក រាល់ពេលល្ងាចព្រឹកឥតមានវេលា ណាមួយភ្លេចអូនទោះបងនិទ្ទ្រា ក៏នឹកស្ងួនភ្ញាគ្រប់គ្រាទាំងអស់ ។ *-នឹកអើយសែននឹកៗតែអូនមួយ នឹកស្ទើររលួយបេះដូងកម្លោះ ព្រោះតែនឹកអូនបងសែនស្រណោះ នឹកដល់ឆោមស្រស់នឹកគ្រប់វេលា ។

Tuesday, January 21, 2014

នៅតែចាំ

*-ពេលវេលាកន្លងបងមិនដឹង នៅតែរំពឹងគិតរូបស្រី គង់តែថ្ងៃណាព្រេងនិស្ស័យ បានជួបពិសីស្ដីវាចា ។ *-ទោះបីមិនបានខានឃើញភ័ក្ត្រ ចិត្តនៅតែស្ម័គ្រលើបុប្ផា ទោះអូនក្រីក្រខ្សត់យ៉ាងណា បងនៅមេត្តាចំប៉ាស្រី ។ *-ខានបានជួបអូនបងសែននឹក អារម្មណ៍រព្ញករាល់រាត្រី ចង់ជួបអូនណាស់សែនរីងរៃ នៅក្នុងហ្ឬទ័យពេញក្រៀមក្រំ ។ *-តែបងនៅចាំបើគូបង បានជួបស្នេហ៍ស្នងយ៉ាងសកិ្ដសម បានរស់ជាគូយ៉ាងភិរម្យ គូល្អឧត្តមក្នុងលោកា ។ *-មែនហើយបងចាំច្រើនឆ្នាំមក ចាំរូបពន្លកម្ចាស់វាសនា បានជួបអូនហើយសូមសន្យា ថ្នាក់ថ្នមជីវាមិនឲ្យព្រាត់ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

ពេលនោះ

*-ចិត្តបងស្រឡាញ់លើរូបអូន មិនរលុបសូន្យនៅច្បាស់ជាក់ មិនប្រែក្រឡាស់មានថ្នាំងថ្នាក់ មិនមានអន់អាក់ចិត្តភក្ដី ។ *-នៅក្នុងឆ្នាំនោះបានរូបបង មិនប្រាប់នួនល្អងព្រោះកវី សិក្សាបានទាបថែមក្មេងខ្ចី មកស្រឡាញ់ស្រីខ្លីវិជ្ជា ។ *-បងគិតដូច្នោះបានរូបបង បណ្ដោយនួនល្អងឲ្យពុះពារ នៅក្នុងជីវិតយ៉ាងវេទនា បងសែនកំ្រគ្រាព្រោះគិតខុស ។

ពេលជួបម្ដង

*-បាត់អូនយូរទៅបងនៅទន្ទឹង ចាំស្រស់ព្រលឹងអូនមកសិក្សា ចាំចង់ឃើញភ័ក្ត្របញ្ជាក់ស្នេហា ប្រាប់ឲ្យដឹងបងស្រឡាញ់ស្រី ។ *-ខ្ញុំបានសាកសួរតាមកូនសិស្សខ្ញុំ ម្ដេចបាត់ស្រីម៉ុមរវល់ការអី? បានមិនទៅរៀនទាំងនៅក្មេងខ្ចី ឬមួយរូបស្រីនាងមិនស្រួលខ្លួន ។ *-ចម្លើយតាមសិស្សឆ្កឹះប្រាប់ខ្ញុំថា រូបស្រីជីវានារីនឹមនួន គ្រួសារក្រីក្រជីវិតថយធួន ដូច្នេះដកខ្លួនជួយគ្រួសារសិន ។ *-ទទួលដំណឹងប្រឹងទប់ចិន្ដា ក្នុងចិត្តខ្លោចផ្សាចង់ជួបមាសឆ្អិន ចង់ឲ្យអូនរៀនមានចំណេះសិន ទើបមានបំណិនជីវិតថ្លៃថ្លា ។ *-មានពេលមួយនោះបងបានជួបម្ដង ចង់ទៅសាសងសារភាពវាចា សម្ដែងពីចិត្តគិតលើកនិដ្ឋា តែបងគិតថាមិនសមគួរឡើយ ។

ដំណាលស្នេហ៍បង

*-កាលបងឃើញស្រីក្នុងវ័យក្រមុំ បានធ្វើឲ្យខ្ញុំផុងចិន្ដា ទៅលើរូបស្រីកាលនៅសិក្សា វត្តពន្លៃចារឆ្លាក់ស្នេហ៍រូបបង ។ *-រូបអូនជាសិស្សបងជាគ្រូ បងតែងគន់គូទៅលើនួនល្អង តែអូនមិនដឹងបែរជាស្អប់បង និយាយបែរខ្នងឡកឡឺយសម្ដី ។ *-កាលនោះរូបបងចង់សារភាពណាស់ តែបងមិនច្បាស់ថាអូនជាស្រី កូនចៅលោកណាដែលស្គាល់ថ្មៗ ទើបមិនស្រដីលាក់ទុកក្នុងចិត្ត ។ *-ពេលវេលាកន្លងបងបានភ្លេចខ្លួន ស្រាប់បាត់នឹមនួនបងសែនរិះគិត បាត់ស្រីទៅណាឬដឹងការពិត? បានជាវរមិត្តអូនទៅរៀន? ។ *-រូបបងចាំបាត់ស្ងាត់ទាំងដំណឹង ចង់ជួបព្រលឹងក្នុងចិត្តបងមាន ពាក្យថាស្រឡាញ់ប្រាប់ស្រីដោយហ៊ាន ថាចិត្តបងមានទុករូបស្រីហើយ ។ *-ដំណាលស្នេហ៍ខ្ញុំកុំសើចចម្អក បំណងខ្ញុំខកលើស្រស់ត្រាណត្រើយ ចិត្តនៅរំពឹងមិនដែលភ្លេចឡើយ ពេលបានជួបហើយនឹងសារភាពប្រាប់ ។

គ្រាន់តែលោកអ្នកចូលទៅមើល ឬចុះឈ្មោះជាសមាជិក លោកអ្នកនឹងទទួលបានលុយភ្លាមៗ

http://visitstomoney.com/index.php?refId=363455http://visitstomoney.com/index.php?refId=363455

បងគេងមិនលក់

*-ប៊ិចបង១ដើមផ្ដើមតែងចារ បកស្រាយខ្លឹមសារពីហ្ឬទ័យ វាចារៀបរាប់ជូនដល់ស្រី បានជ្រាបសេចក្ដីន័យកិច្ចកល ។ *-កាលពីយប់មិញគេងមិនលក់ អារម្មណ៍មិនសុខទុក្ខកង្វល់ មិនដឹងមូលហេតុខ្ញុំសែនឆ្ងល់ ហេតុអ្វីអម្ពល់ខុសប្រក្រតី? ។ *-ខ្ញុំខំតាំងចិត្តបិទនេត្រា សង្រួមកាយាផ្ចង់ស្មារតី ប្រ៉ះគេងលើខ្នើយធ្វើហាក់ហី តែមិនដឹងអីនៅមិនលក់ ។ *-ឬមួយរូបខ្ញុំនឹកដល់ស្រី? ភ័ក្រ្តស្រស់ប្រិមប្រិយធ្លាប់ផ្ដល់សុខ មកឲ្យរូបខ្ញុំបានស្រណុក ឃ្លាតចាកក្ដីទុក្ខផុតមួហ្មង ។ *-ប៉ុន្តែរូបខ្ញុំមិនបាននឹក ថែមមិនរព្ញកព្រោះនួនល្អង នាងបានប្រាប់ខ្ញុំជាច្រើនដង កុំគិតច្រើនបងនាំសោកា ។ *-ខ្ញុំខំធ្វើដែរតែមិនបាន ឃើញតែកល្យាណនឹងនេត្រា ស្រម៉ៃឃើញស្រីស្រស់បុប្ផា នៅក្នុងហត្ថាបងមិនបាត់ ។ *-កណ្ដាលរាត្រីបងស្រណោះ គេងមិនលក់សោះឮតែសត្វ ចរចាឆ្លងឆ្លើយមិនមានស្ងាត់ រសាត់សំនៀងច្រៀងឌឺបង ។ *-លោកគេងមិនលក់ព្រោះនឹកស្រី រូបល្អឥតបីស្រីកន្លង សម្ដីពិរោះទោះឮម្ដង លួចស្នេហ៍នួនល្អងមិនខានឡើយ ។ *-បងគេងមិនលក់មកពីអ្វី? មែនហើយនឹកស្រីស្រស់ត្រាណត្រើយ នឹកណាស់រិទ្ធីម្ចាស់ស្នេហ៍អើយ អូនហ្អើយបងស្នេហ៍តែអូន១ ។

គ្មានអូនមិនបាន

*-យប់យន្តត្រជាក់ភ្ញាក់រងា សែននឹកពុំងាជាម្ចាស់ចិត្ត អូនរងាទេមេមាសមិត្ត បងសែនអាណិតគិតដល់ស្រី ។ *-បងគេងតែឯងតែងនឹកដល់ រូបឆោមនិមលរាល់រាត្រី ក្រែងអូនរងាទាររកអី គ្មានអ្នកថ្នមបីបងសែនព្រួយ ។ *-បងចង់នៅក្បែរថែរូបអូន រួមទាំងរូបកូនស្រីតែមួយ ទុកដូចកែវភ្នែកមិនឲ្យព្រួយ ព្រោះអូនជាត្រួយសង្ខារបង ។ *-បាននៅជិតអូនសូន្យអស់ទុក្ខ បារម្ភគ្រប់មុខគ្មានសៅហ្មង បានរីកស្រស់ស្រាយកាយស្រួលផង នួនល្អងបងស្នេហ៍តែជីវា ។ *-ជាតិនេះគ្មានអូនសូន្យជីវិត ដូចយប់ងងឹតជិតនេត្រា បានអូនជាគូនោះរៀមរ៉ា ដូចព្រះសូរិយាចារចែងចាំង

តើលោកអ្ន​កត្រូវការលុយទេ? សូមចូលអាសយដ្ឋានខាងក្រោម

http://visitstomoney.com/index.php?refId=363455

អាណិតអូន!

*-ចិត្តបងអម្ពល់ខ្វល់មិនឈប់ អាណិតលើសលប់យប់ក៏គិត អូនធ្លាប់តែស្រួលក្នុងជីវិត ឥឡូវយ៉ាប់យឹតរឹតអាត្មា ។ *-ធ្វើការរោងចក្រជាក់ពិបាក ព្រោះក្រតោកយ៉ាកមិនហ៊ានថា សុខចិត្តទ្រាំអត់ក្នុងចិន្ដា ខំធ្វើយ៉ាងណាឲ្យបានប្រាក់ ។ *-ប្រធានជេរស្ដីស្រីមិនថា មិនហ៊ានតវ៉ាធ្វើដោយស្ម័គ្រ ទោះគ្រុនរងាធ្វើមិនអាក់ ដោយសារតែប្រាក់ប្រឹងមិនឈប់ ។ *-ធ្វើការថែមម៉ោងទោះលុយតិច អូនប្រឹងជានិច្ចរហូតយប់ អូនធ្វើយកលុយជួយទំនុក គ្រួសារនៅស្រុកសែនក្រីក្រ ។ *-បងអាណិតអូន!ជួយយ៉ាងណា ចង់ជួយធ្វើការគេមិនយក៍ បងសែនអាណិតគិតបវរ តើឲ្យបងរក៍អ្វីជួយអូន...? ។ និពន្ធដោយ លោកបង វណ្ណារ័ត្នhttp://visitstomoney.com/index.php?refId=363455

នឹកអូន!

*-រដូវភ្លៀងច្រៀងកំដរ និស្សិតអ្នកក្រនៅម្នាក់ឯង អារម្មណ៍ឯកោពិបាកថ្លែង ចំបែងដួងចិត្តរឹតខ្លោចផ្សា ។ *-ធ្លាប់មានធីតាស្រស់ប្រិមប្រិយ កៀកកើយថ្នមបីរួមស្នេហា ឪបថើបអង្អែលសព្វកាយា ជីវាបងនឹករព្ញកណាស់ ។ *-តំណក់ទឹកភ្លៀងលានតំណក់ ស្រក់មកតក់ៗឲ្យចិត្តផ្លាស់ កុំសូវនឹកអូននៅឯផ្ទះ រន្ទះផ្គរលាន់គ្រាន់អន់នឹក ។ *-ចង្វាក់ស្លឹកឈើរេតាមខ្យល់ ឥតខ្វល់ព្រួយភ័យខ្ចីតាមទឹក អភ័ព្វតែបងផ្សងយប់ព្រឹក រព្ញកម្ចាស់ស្រីរាប់មិនបាន ។ *-នឹកអូន!នឹកអូន!អូនរិទ្ធី វីរៈនារីដ៏ក្លាហាន ពុះពារឧបសគ្គរឿងប៉ុន្មាន ផុំផានតស៊ូប្ដូរជួយបង ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

Monday, January 20, 2014

ព្រួយចំពោះអូន

*-ប្រាសខ្លួនគេងទៅនៅតែគិត ពេលស្រស់វរមិត្តអូននៅផ្ទះ ជិះកង់តែឯងក្រែងប្រទះ ជនចិត្តមានៈជះសត្រូវ ។ *-ប៉ុនប៉ងធ្វើបាបឲ្យភិតភ័យ បំផ្លាញពិសីនៅតាមផ្លូវ សូមអូនប្រយ័ត្នណាពាលពៅ បងនៅឯនាយគិតណា៎អូន ។ *-ភ្នែកមើលសៀវភៅចិត្តនឹកស្រី កណ្ដាលរាត្រីងងឹតសូន្យ បារម្ភគ្រប់យ៉ាងក្រែងមាសស្ងួន អូនមិនស្រួលខ្លួនគ្មានអ្នកថែ ។ *-ដួងចិត្តស្រឡាញ់ពេញហៅពិត ដុះដាលសក្ដិសិទ្ធិមិនប្រួលប្រែ ទោះអូនក្រីក្របងនៅតែ ថ្នាក់ថ្នមលោមស្នេហ៍រស់ពីរប្រាណ ។ *-រូបបងព្រួយភ័យគ្រប់នាទី ចំពោះឆវីមិនស្រាកស្រាន្ត ទោះបងទៅរៀនឈានឡើងឡាន កល្យាណដឹងទេព្រោះស្រឡាញ់ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

ចិត្តបង

*-ពេលអូនស្រវាចាប់លិខិត ដ៏តូចប្រណីតកត់ដោយដៃ ថ្លែងជាទំនុកជូនចរណៃ ឲ្យថ្លៃបានយល់ពីដួងចិត្ត ។ *-បងនៅឆ្ងាយហើយសូមរក្សា តម្លៃខេមរាជាស្រ្តីពិត អូនត្រូវខំប្រឹងរឹងគំនិត កុំឲ្យគេគិតថាមិនល្អ ។ *-អូនធ្វើយ៉ាងណារក្សាខ្លួន ឲ្យបានមាំមួនណាបវរ បងនៅឯនាយសូមត្រេកអរ អំណរលើអូនក្បូនជីវិត ។ *-រូបបងបារម្ភគ្រប់នាទី ក្រែងស្រស់នារីពិបាកចិត្ត ធ្លាប់មានរូបបងនៅរួមស្និទ្ធិ នែបនិត្យមេត្រីស្រីសុខា ។ *-តែអូនជឿចុះចិត្តរូបបង ស្មោះលើនួនល្អងមិនសាវា ស្រឡាញ់តែអូនរួមវាសនា ប្រាថ្នាជាគូលុះក្សិណក្ស័យ ។

រូបថតអនុស្សាវរីយ៍

*-រូបថតពិសីស្រីជូនដល់បង ទុកជាចំណងចងអនុស្សា ភ្ជាប់ចិត្តភក្ដីដើម្បីស្នេហា នៅក្នុងតម្រាចារយើងទាំងពីរ ។ *-រូបមួយសន្លឹកនឹកបងបើកមើល គយគន់ប្រមើលសម្រស់ឆវី បងលួចញញឹមថាអូនគ្មានពីរ អូនជានារីល្អគ្រប់លក្ខិណា ។ *-មានរូបថតស្ងួនដូចអូននៅជិត ទោះយប់ងងឹតមិនព្រួយសោះណា៎ ព្រោះមានរូបអូននៅគ្រងរក្សា សត្រូវប្រហារបងមិនខ្លាចភ័យ ។ *-រូបថតនួនល្អងឲ្យបងបានស្បើយ ក្រៀមក្រំល្ហែល្ហើយស្រាយពីហ្ឬទ័យ ទោះបីការងារលំបាកធ្ងន់ក្ដី កាលឃើញភ័ក្ដ្រស្រីការងារស្រស់ស្រាយ ។ *-រូបថតនួនល្អងចងចិត្តភក្ដី ភ្ជាប់លើរូបស្រីមិងឲ្យឃ្លាតឆ្ងាយ ភ្ជាប់ទាំងចិត្តស្ម័គ្រលើស្រស់ឆោមឆាយ ភ្ជាប់ទាំងចិត្តកាយស្មោះតែអូនមួយ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

លួចស្នេហ៍ដួងច័ន្ទ

*-យប់យន់ត្រជាក់កាន់តែជ្រៅ សត្វមៀមតវៅយំឆ្លងឆ្លើយ ឯអូតស្រែកយំម៉ោងមួយហើយ ឳ!កវីអើយម្ដេចមិនគេង? ។ *-សន្សើមត្រជាក់ចូលស្រោចប្រាណ ប្រាសខ្នងសម្រាន្តបែរវង្វេង ទោះខំសម្ងំស្ងាត់ឈឹងធេង ក៏នេត្រាគេងមិនលក់ឡើយ ។ *-ពេលនោះកវីក៏ងើបវិញ ទាំងចិត្តទោម្នេញមិនល្ហែល្ហើយ ចក្ខុសម្លឹងស្វែងរកខ្នើយ មកដាក់បង្កើយហើយគិតថា ។ *-យើងគេងមិនលក់ព្រោះហេតុអ្វី? ឬមានរឿងអីពីស្នេហា? ឬក៏លួចស្នេហ៍ដូងច័ន្ទថ្លា រះលើវេហាស៍ខ្ពស់សែនឆ្ងាយ? ។ *-នេត្រាទាំងគូសម្លឹងច័ន្ទ ទុក្ខារយពាន់បានរសាយ ប្រាសចាកពីចិត្តឃ្លាតពីកាយ មានតែសប្បាយក្នុងចិន្ដា ។ *-សម្រស់ព្រះច័ន្ទជាឪសថ រម្លាយរម្លត់រាល់បញ្ហា ក្នុងចិត្តកវីធ្លាប់ខ្លោចផ្សា ពេលនេះស្រស់ថ្លាមានរស្មី ។ *-ប្រសិនបានច័ន្ទមកកៀកកើយ រួមរស់លើខ្នើយរាល់រាត្រី ប្រហែលជាសុខគ្មានទុក្ខភ័យ គឺសុខព្រោះស្រីឲ្យសប្បាយ ។ *-ខ្ញុំចង់យកដៃទៅចាប់ច័ន្ទ មកថ្នាក់ថ្នមកាន់នែបនិត្យកាយ បីបមប្រឡែងឲ្យឆោមឆាយ ប្លែកចិត្តប្លែកកាយណាណីម្ដង ។ *-ប៉ុន្តែមិនអាចសង្ឃឹមទេ ព្រោះច័ន្ទមាសមេរះហួសប៉ង មិនងាយចាប់បានច័ន្ទនួនល្អង មកកៀកផ្ទឹមផ្សងជាគូឡើយ ។ *-តើច័ន្ទដឹងក្នុងចិត្តខ្ញុំ? ទុក្ខព្រួយក្ដៅងំណាស់ត្រាណត្រើយ មិនអាចបរិយាយប្រាប់ត្រូវឡើយ ទុក្ខឥតមានស្បើយស្ទើរក្សិណក្ស័យ ។ *ច័ន្ទអើយច័ន្ទល្អខ្ញុំលួចស្នេហ៍ ជាច្រើនថ្ងៃខែហើយពិសី សូមច័ន្ទអាណិតដល់កវី ប្រោសប្រាណភក្ដីដល់ខ្ញុំផង.....! ។