Friday, January 24, 2014

ដួងច័ន្ទរះឆ្ងាយ

*-អូនជាព្រះច័ន្ទរះលើវេហាស៍ ខ្ពស់ហួសហត្ថារៀមរ៉ាឈោងចាប់ ច័ន្ទធ្វើជាគូឲ្យអ្នកផងត្រាប់ ព្រោះច័ន្ទចំណាប់ជាស្រីគ្រប់ល័ក្ខណ៍ ។ *-ច័ន្ទអូនច័ន្ទល្អលម្អផែនដី ឲ្យមានរស្មីគ្មានក្ដីអួរអ័ព្ទ មន្ទិលសៅហ្មងកន្លងស្រអាប់ គ្មានសល់ខន់ខាប់ស្រឡះគ្មានហ្មង ។ *-ឃើញច័ន្ទរូបល្អចង់យកហត្ថា ទាំងទ្វេនេះណាទៅបីត្រកង ថ្នាក់ថ្នមច័ន្ទថ្លៃមិនឲ្យមួហ្មង មិនឲ្យនួនល្អងអាក់អន់ចិន្ដា ។ *-ឃើញច័ន្ទយាត្រាចង់ដើរទន្ទឹម ចង់ដើរទៅផ្ទឹមកៀកនិងជីវា សមឬមិនសមកុំខឹងអីណា រូបបងទន្សាយចង់នៅក្បែរស្រី ។ *-តើបានឬទេសូមច័ន្ទវាចា ប្រាប់មកច័ន្ទថ្លាកុំគិតវែងអី មេត្តាអាណិតទន្សាយព្រៃ លួចស្នេហ៍ច័ន្ទថ្លៃច្រើនឆ្នាំហើយណា ។ *-ឬមួយដួងច័ន្ទគិតថាមិនសម? ជាមួយរូបខ្ញុំជាមនុស្សឥតការ គ្មានទ្រព្យធនធានកេរ្ដិ៍ឈ្មោះសក្ដា ឬឡានវីឡាដូចពួកមន្ត្រី? ។ *-តែមិនថ្វីទេសូមច័ន្ទកុំព្រួយ ចំពោះខ្ញុំមួយសូមកុំព្រួយភ័យ មាសប្រាក់រកក្រោយបានងាយទេស្រី ឲ្យតែប្រណីទន្សាយព្រៃមក ។ *-បើតាមខ្ញុំគិតគឺមិនស្រួលទេ ព្រោះច័ន្ទមាសមេពិតជានឹកធ្នក ថាទន្សាយព្រៃប្រាកដជាបោក បា្រស់ចិត្តពន្លកឲ្យរងទុក្ខា ។ *-តែណ្ហើយច័ន្ទអើយមិនព្រមក៏បាន ឲ្យតែកល្យាណបានសោយសុខា រះលើមេឃាឥតមាននរណា ប៉ះប្រាណជីវាឲ្យបង់រស្មី ។ *-ច័ន្ទអើយដួងច័ន្ទអ្នកបានចរទៅ បន្សល់ទុកនៅទុកឲ្យរាត្រី ងងឹតសូន្យឈឹងទ្វីបលោកគ្មានន័យ ព្រោះតែច័ន្ទស្រីរះឆ្ងាយសន្លឹម ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

Thursday, January 23, 2014

បេះដូងបងសម្រាប់អូន

*-សូមអូនចាំស្ដាប់ណាស្រស់ពិសី បងនឹងស្រដីប្រាប់ដល់ជីវា អំពីដួងចិត្តដែលបងស្នេហា លើស្រស់ធីតាគ្មានថ្ងៃកែប្រែ ។ *-ក្នុងបេះដូងបងមានតែរូបស្រី គឺគ្មានអ្នកថ្មីទេណាម្ចាស់ស្នេហ៍ អូនជាគ្រាប់ពេជ្រដែលបងប៉ងថែ យូរឆ្នាំយូរខែហើយមាសថ្លៃ ។ *-បេះដូងបងមួយមិនឲ្យអ្នកណា យកទៅប្រហារចោលទេចរណៃ គឺមានតែអូនជាអ្នកកែច្នៃ ច្រៀកងៀតឬខ្វៃតាមអូនត្រូវការ ។ *-ទោះបេះដូងបងជាកូនអ្នកក្រ តែវាសុទ្ធល្អឥតមានមុសា មិនក្លែងបន្លំបំភ្លៃជីវា បេះដូងនេះណាជាបេះដូងពិត ។ *-បេះដូងកម្សត់មិនក្បត់ចិត្តស្រី ទោះក្រម្ដេចក្ដីក៏រៀមឥតថា នៅតែរួមស្ម័គ្រមិនប្រែសាវា ចាកចោលបុប្ផាឲ្យរោយស្រពោន ។ *-បេះដូងកំព្រានៅតែរង់ចាំ ទោះហ្មឺនខែឆ្នាំមិនប្រែដកខ្លួន ទុកឲ្យផ្កាស្រីរុះរោយដោយខ្លួន បេះដូងមាំមួននៅតែរក្សា ។ *-បេះដូងកម្សត់កត់ត្រារូបស្រី យកតាមរាល់ថ្ងៃមិនភ្លេចទេណា ទោះបីបងគេងក៏ក្នុងចិន្ដា នឹកឃើញភ័ក្ត្រាស្រីគ្រប់នាទី ។ *-បេះដូងក្រពិតតែចិត្តបងស្មោះ បេះដូងកម្លោះដាក់តែនារី បុប្ផាជនបទស្រស់ល្អគ្មានពីរ ល្អលើសនារីក្នុងដែនលោកា ។ *-ក្នុងបេះដូងបងមានតែអូនម្នាក់ ជាអ្នកទុកដាក់មើលរាល់កិច្ចការ ទោះខុសឬត្រូវតាមអូនមេត្តា សណ្ដោសទោសាដល់បងអ្នកក្រ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

កុំយំណាអូនណា!

*-នេះជាកំណាព្យកាព្យបងតែងថ្មី ស្ដីពីហ្ឬទ័យដែលបងខ្លោចផ្សា ពេលឃើញអូនយំមុខគ្របក្រមា ឃើញទឹកនេត្រាអូនហូររហាម ។ *-អូនគេងលើខ្នើយកើយគិតសញ្ជឹង គិតថារឿងនឹងម្ដេចប្រុសបែ្រប្រាណ រលាស់ចោលស្រីឲ្យទទួលបាន ក្ដីទុក្ខរំខានរៀងរាល់រាត្រី ។ *-ទឹកភ្នែកអូនហូរៗមិនឈប់សោះ ហូរព្រោះស្រណោះប្រុសចិត្តអប្រិយ មិនអាណិតនាងធ្លាប់ផ្ដល់ភក្ដី ពេលនេះហេតុអ្វីប្រែគ្មានមេត្តា ។ *-បានជាស្រីយំមកពីស្រីស្មោះ ជាមួយកម្លោះគ្មានចិត្តសាវា ប្រែប្រួលរកថ្មីក្រឡះចិន្ដា ឲ្យប្រុសជីវារស់នៅកំព្រា ។ *-ពេលអូនគេងយំបងយល់ចិត្តស្រី ទោះមិនស្រដីក៏បងយល់ងារ នូវចិត្តគំនិតស្រីស្រស់សោភា ថាចង់ពណ៌នាចិត្តបងយ៉ាងណា ។ *-តែបងមិនខឹងទេស្រស់ចរណៃ ខឹងចុះស្រីថ្លៃឲ្យសមចិន្ដា ដែលអូនបានស្មោះជាមួយរៀមរ៉ា ចង់ជេរផ្ដាសាថាមកពិសី ។ *-ឈប់យំចុះអូនបងមិនក្បត់ទេ មិនចោលមាសមេរកអ្នកដទៃ គឺមានតែអូនជាឪសថថ្លៃ ព្យាបាលហ្ឬទ័យបងលុះមរណា ។ *-អូនជាថ្នាំទិព្វនៃបេះដូងបង ជាអ្នកចម្លងឲ្យបងសុខា គ្មានទុក្ខគ្មានព្រួយយើងទាំងទ្វេហា រស់ដោយថ្លៃថ្លាជាពលរដ្ឋល្អ ។ *-សូមអូនកុំគិតថាបងក្បត់ស្រី ដោះដៃរកថ្មីចោលស្រីរូបល្អ ឃើញផ្កាទីក្រុងរីកស្រស់បវរ ភ្លេចបុប្ផាល្អដុះលើដីស្រែ ។ *-ទោះបុប្ផាអូនដុះដីជនបទ តែផ្កាមានផ្នត់ក្រពុំមានស្នេហ៍ រីកស្រស់លើទងគ្រប់កាលឆ្នាំខែ ក្រពុំឥតប្រែតាមរដូវកាល ។ *-កុំយំណាអូនស្ងួនបណ្ដូលចិត្ត អូនជាទាវពិតបងទុំជាថ្នាល បណ្ដុះស្នេហ៍យើងឲ្យរីកដុះដាល ត្រកុំត្រកាលរីករាយឡើងអើយ....! ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

រៀបការចុះអូន

*-ខ្លួនបងជាប្រុសរស់សព្វថ្ងៃ រស់ដោយបច្ច័យកម្មតាក់តែង ផលល្អអាក្រក់ពិតជាក់ស្ដែង ពិតគ្រប់កន្លែងព្រេងវាសនា ។ *-កើតមកជាប្រុសប៉ុន្តែក្រ រស់នៅកំដរទ្វីបលោកា ព្រាត់ប្រាសឪពុកនិងមាតា ព្រាត់ដូនព្រាត់តាព្រាត់ញាតិផៅ ។ *-កម្មបងអាក្រក់ណាស់ពិសី អូនត្រូវលកលៃណាឆោមឆ្លៅ ចេះគិតពិចាររឿងក្នុងក្រៅ អូនត្រូវសំដៅរកទីពិត ។ *-បើអូនពឹងបងពិតជាខាន ព្រោះញាតិសណ្ដានបងក្រពិត មិនអាចឲ្យអូនផ្ញើជីវិត សុខស្រួលដល់ចិត្តទេព្រលឹង ។ *-បងសូមអង្វរចុះណាស្រី ត្រូវប្រែចិត្តថ្មីរកទីពឹង កសាងវាសនាមានលំនឹង រស់នៅត្រឈឹងគ្មានទុក្ខា ។ *-បើអូនចាំបងពិតពិបាក ព្រោះមិនដឹងចាកលាសិក្ខា ទៅរស់នឹងអូននៅថ្ងៃណា ខែណាឆ្នាំណាទេជំនិត ។ *-បើគេគ្រាន់បើយកចុះស្រី បងមិនជេរស្ដីទេវរមិត្រ ឲ្យតែអូនស្រួលក្នុងជីវិត រស់នៅជួបជិតនិងភស្ដា ។ *-រូបបងអ្នកក្រយល់ចិត្តស្រី យល់ពីហ្ឬទ័យអូនមេត្តា សណ្ដោសដល់បងប៉ងជីវា មករួមរក្សាជាគូគ្រង ។ *-អូនព្រមការចុះណាចរណៃ កាត់ចិត្តចុះថ្លៃណាមាសបង បងជឿចិត្តអូនថាស្នេហ៍បង ស្នេហ៍មិនឲ្យហ្មងស្នេហ៍អមតៈ ។ *-រៀបការចុះអូនបងជូនពរ ជូនដោយអំណរនិងគារវៈ គោរពចិត្តអូនដែលធ្លាប់ស្ម័គ្រ មិនឲ្យបងអាក់អន់ចិន្ដា ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

តាមឪពុកម្ដាយអូនចុះ

*-ខ្លួនបងជាប្រុសរស់សែនឈឺផ្សា កាលបើដឹងថាជីវាមានគូ បំភ្លេចចោលបងដែលខំតស៊ូ ព្យាយាមគិតគូសាងស្នេហ៍និងស្រី ។ *-រយៈបីឆ្នាំបងនៅសិក្សា សម្អាតចិន្ដាទុកសម្រាប់ស្រី ទោះបីមានគេមកសុំភក្ដី ក៏បងខន្ដីមិនសាវាឡើយ ។ *-បងសន្សំចិត្តស្ម័គ្រតែរូបអូន មិនព្រមដកខ្លួនមិនក្បត់ត្រាណត្រើយ មិនក្បត់ស្នេហាដែលបានឆ្លងឆ្លើយ បងមិនក្បត់ឡើយមិនក្បត់សន្យា ។ *-ប៉ុន្តែឥឡូវគឺគ្មានន័យទេ ព្រោះអីមាសមេបែកបែរចិន្ដា ភ្ជាប់ពាក្យគូថ្មីបំភ្លេចសង្សារ បំភ្លេចសន្យាស្រីបានស្បថស្បែ ។ *-ព្រមចុះព្រមចុះបងមិនជំទាស់ ឲ្យតែឆោមស្រស់អូនតាមពុកម៉ែ ធ្វើជាកូនល្អដែលគាត់ខំថែ ច្រើនឆ្នាំច្រើនខែរហូតពេញវ័យ ។ *-បងមិនខឹងឡើយឲ្យតែបានសុខ សមចិត្តឪពុកនិងអ្នកម្ដាយស្រី រស់នៅជួបជុំជាមួយស្វាមី សុខរាល់រាត្រីសុខក្នុងគ្រួសារ ។ *-ចំណែករូបបងនិស្សិតខកចិត្ត ឋានៈតូចពិតគ្រាន់តែឈឺផ្សា មួយគ្រាប៉ុណ្ណោះមិនអីទេណា ដល់អូនរៀបការបងអស់ខ្វល់ហើយ ។ *-ពាក្យពេចន៍ទាំងអស់ដែលបងវាចា ឲ្យបានដឹងថាបងមិនសុខឡើយ ពេលបងបានដឹងដំណឹងត្រាណត្រើយ មានគូទៅហើយបងសែនសោកស្ដាយ ។ *-តើអូនដឹងទុក្ខព្រួយព្រោះស្នេហ៍ មិនងាយជាទេណាស្រស់ឆោមឆាយ ចិត្តធ្លាប់ស្មោះស្ម័គ្ររួមរស់សប្បាយ ចិត្តធ្លាប់ក្អាកក្អាយកាលឃើញមុខគ្នា ។ *-បែកអូនបីឆ្នាំបងចង់រក្សា កិត្តិយសជីវាមិនឲ្យធ្លាយធា្ល បងមិនមកលេងជាមួយឃពុំងា ព្រោះចង់ពណ៌នាថាចិត្តបងស្មោះ ។ *-តាមម្តាយអូនចុះមិនខុសទេស្រី លោកថាប្រពៃកុំឡើយបង់បោះ ត្រូវតែតាមគាត់ទើបសមឥតខ្ចោះ ជាកូនល្អស្រស់ទើបហៅប្រសើរ ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

Wednesday, January 22, 2014

លួចមើលអូនផ្ទឹម

*-បេះដូងកកឈាមក្នុងថ្ងៃអូនផ្ទឹម អូនលួចញញឹមនិងគូស្នេហ៍ថ្មី មិននឹកដល់បងជាសង្សារស្រី ដែលធ្លាប់បេតីទាំងចិត្តស្មោះស ។ *-បងឈរសម្លឹងពេលអូនសំពះ នៅមុខចាស់ៗមានភ្លេងកំដរ ឲ្យពរឲ្យជ័យការស្រីបវរ ញាតិមិត្តកុះករចូលមកចងដៃ ។ *-អូននាងញញឹមនិងសើចសប្បាយ មិនបានសោកស្ដាយនិងនឹកអាល័យ ចំពោះរូបបងធ្លាប់ថើបចរណៃ ពេលនេះថ្ពាល់ថ្លៃគេថើបទៅវិញ ។ *-ក្នុងថ្ងៃអូនការបងសែនតក់ស្លុត បេះដូងរន្ធត់ទ្រូងសែនទោម្នេញ ចុកចាប់ឈឺផ្សាហាស្ដីមិនចេញ មិនគួរណាចាញ់កលស្រីបោកចិត្ត ។ *-បាយខុនចងដៃប្រល័យចិត្តខ្ញុំ ឲ្យរង់ទុក្ខកណ្ដាលលោកពិត ខ្មាសញាតិប្រុសស្រីដែលគេនៅជិត ធ្លាប់ដឹងជីវិតស្នេហ៍ខ្ញុំនិងនាង ។ *-ភ្លេងការកំដរឮសូររងំ នៅក្នុងទ្រូងខ្ញុំហាក់ដូចព្យុះភ្លៀង ក្តុកក្ដួលអួលអាក់ក្ដៅដោយសារនាង បោកប្រាស់ពង្វាងក្បត់ចិត្តនៃខ្ញុំ ។ *-សែនសោកស្ដាយណាស់ស្ដាយពាក្យអូនស្មោះ ជាមួយរូបប្រុសថាកុំក្បត់ម៉ុម មានអស់ទេព្ដាជាអ្នកផ្សំផ្គុំ ពេលនេះមាសម៉ុមប្រែជាកាកី ។ *-ការចុះនួនល្អងបងមិនសមទេ និងរូបមាសមេជាកូនមន្ត្រី មានទ្រព្យខ្ពង់ខ្ពស់ហួសពីនិស្ស័យ បងអ្នកក្រក្រីឈោងចាប់យ៉ាប់ណាស់ ។ *-បងសូមជូនពរផងណាពិសី អូនកុំក្បត់ប្ដីដូចស្រីប្រែផ្លាស់ បោកបា្រស់ចិត្តបងឲ្យរង់អាម៉ាស អូនកុំផ្ដេសផ្ដាសដូចមុនត្រាណត្រើយ ។ *-ក្នុងថ្ងៃអូនផ្ទឹមញញឹមប្រិមប្រិយ ជាមួយប្រុសថ្មីគ្មានគិតបងឡើយ បងលួចសម្លឹងសំពះលើខ្នើយ បេះដូងឥតស្បើយស្ទើរក្ស័យជីវិត ។ ​​​ និពន្ធដោយ លោកបង វណ្ណារ័ត្ន

នឹកគ្រប់វេលា

*-កណ្ដាលរាត្រីស្ងាត់ឈឹងជ្រងំ បងកើតទុក្ខធំព្រោះនឹកត្រាណត្រើយ គេងនៅម្នាក់ឯងចម្បែងឥតស្បើយ ឳ!កែវបងហ្អើយបងសែននឹកណាស់ ។ *-នឹកអើយសែននឹកៗគ្រប់នាទី នឹកដល់នារីគ្មានចិត្តប្ដូរផ្លាស់ នឹកគ្រប់ដង្ហើមនឹកយ៉ាងជាក់ច្បាស់ នឹកអើយនឹកណាស់នឹកស្ងួនភ្ងា ។ *-បងប្រាសខ្នងគេងនឹកអូនរឹតទ្វេ នឹកមិនទំនេរនឹកពៅពុំងា នឹកចង់ជួបភ័ក្ត្រចង់នៅជិតគ្នា ចង់នៅពណ៌នាពីចិត្តបងស្នេហ៍ ។ *-បងនៅម្នាក់ឯងសែនចម្បែងព្រួយ ចំពោះអូនមួយនឹកព្រួយខ្លាចស្នេហ៍ អូនមិននឹកបងដូចបងនឹកដែរ នឹកព្រួយខ្លាចស្នេហ៍បែកបែរចោលបង ។ *-ជារៀងរាល់ថ្ងៃបងនឹកអូនណាស់ នឹកពិតជាក់ច្បាស់នឹកមិនបែរខ្នង នឹកព្រោះបងស្នេហ៍លើស្រស់នួនល្អង នឹកដល់ស្នេហ៍ស្នងបងបានស្រឡាញ់ ។ *-ទំហំដួងចិត្តបងបានស្នេហ៍ស្រី ធំជាងផែនដីណាអូនសម្លាញ់ បេះដូងបងស្នេហ៍អូនយ៉ាងខ្មួលខ្មាញ់ បេះដូងបងបាញ់ឆ្ពោះទៅរកស្រី ។ *-កំណាព្យបងនឹកយប់ព្រឹកមិនភ្លេច នឹកជាប់ជានិច្ចនឹកគ្រប់រាត្រី នឹកអូនរហូតនឹកមិនភ្លេចអី នឹកដល់ម្ចាស់ស្រីនឹកគ្រប់វាចា ។ *-នឹកឃើញកាលបងអង្គុយក្បែរស្រី សាសងសម្ដីនៅក្នុងគេហា និយាយពីចិត្តយើងទាំងទ្វេហា ប្រាប់ពីស្នេហាដល់គ្នានិងគ្នា ។ *-ចិត្តបងស្នេហ៍ដូចក្បូននិងទឹក រាល់ពេលល្ងាចព្រឹកឥតមានវេលា ណាមួយភ្លេចអូនទោះបងនិទ្ទ្រា ក៏នឹកស្ងួនភ្ញាគ្រប់គ្រាទាំងអស់ ។ *-នឹកអើយសែននឹកៗតែអូនមួយ នឹកស្ទើររលួយបេះដូងកម្លោះ ព្រោះតែនឹកអូនបងសែនស្រណោះ នឹកដល់ឆោមស្រស់នឹកគ្រប់វេលា ។